Thursday, August 2, 2018

គឃ្លើនបេះដូងអសុរកាយ (១)


ផ្តើមរឿង
«អូយ... ជួយផង... អ្នកណាក៏បានដែរ... ជួយខ្ញុំផង... ខ្ញុំឈឺ... អូយ... ឈឺណាស់... ឈឺខ្លាំងណាស់... អ្ហា...»
សំឡេងពោរពេញដោយការឈឺចាប់លាន់ឮល្វើយៗចេញពីផ្ទះចាស់ទ្រុឌទ្រោមមួយនៅទីដាច់ស្រយាលពីគេឯង ដោយសារផ្ទះតូចនោះត្រូវបានហ៊ុំព័ទ្ធទៅដោយព្រៃក្រាស់ដុះស៊ុបទ្រុបពីខាងក្រៅ ទើបគេមិនអាចមើលដឹងថាមានផ្ទះមនុស្សរស់នៅក្នុងនោះឡើយ។
ពន្លឺចង្កៀងប្រេងកាតចោលរស្មីព្រាលៗ តែក៏ល្មមគ្រប់គ្រាន់ឲ្យគេអាចឃើញសភាពក្នុងផ្ទះចាស់នេះបានច្បាស់ដែរ គឺផ្ទះតូចនេះមានត្រឹមតែរបស់ប្រើប្រាស់ចាស់ៗខ្លះមានដូចជា តុកៅអីពីរបី ទូឈើធំមួយផ្ទុកពេញដោយ សៀវភៅចាស់ៗជាច្រើនក្បាល ជាមួយនឹងគ្រែឈើកញ្ចាស់មួយនៅក្បែរបង្អួចតែប៉ុណ្ណោះ ដែលពេលនេះនៅលើគ្រែមានរាងតូចស្ដើងរបស់ស្ត្រីមានគភ៌ម្នាក់កំពុងតែដេកបញ្ឈរជង្គង់ននះននៀលទៅមក ដោយដៃម្ខាងតោងក្រណាត់ស្បៃដែលចងទម្លាក់សំយ៉ុងពីធ្នឹមផ្ទះមក ឯដៃម្ខាងទៀតក៏ក្ដោបពោះដែលឈឺស៊កសៀតរបស់ខ្លួនយ៉ាងណែន នេះនាងខំប្រឹងបង្កើតកូនតែម្នាក់ឯងឡើងញ័រខ្លួនទទ្រើត ដោយគ្មានឆ្មបជួយបង្កើតទេ សូម្បីតែប្ដីឬសាច់ញាតិបងប្អូនក៏គ្មានដែរ។ សក់ខ្មៅរលើបរលោងវែងរំសាយត្រូវសើមជោកដោយញើស សូម្បីតែនៅលើផ្ទៃមុខស្រទន់ក៏មានផុសញើសគ្រាប់ធំហូរមកមិនស្រាកស្រាន្ដដូចទឹកបាក់ទំនប់ ហើយពេលដែលនាងប្រឹងម្ដងៗ ឡើងញ័រក្បាលអស់ សូម្បីសរសៃឈាមត្រង់សៀតផ្កាក៏ប៉ោងឡើងគួរឲ្យខ្លាច ទឹកមុខក៏បង្ហាញតែភាពឈឺចាប់មកឥតឈប់ឈរ ព្រោះបើគិតរហូតមកដល់ពេលនេះ នាងឈឺពោះអស់រាប់ម៉ោងមកហើយ ប៉ុន្តែកូនរបស់នាងមិនព្រមកើតមកសោះ ធ្វើឲ្យនាងស្ទើរតែអស់កម្លាំងរលីងពីខ្លួនទៅហើយ។
«អ្ហា... ហ្វូ...» នាងក្រមុំឈប់សម្រាកមួយភ្លែតទាំងដង្ហក់ខ្យល់ ដៃទន់រលូនលើកអង្អែលពោះធំដែលមានកូនតូចលាក់ខ្លួនក្នុងនោះ ព្រមទាំងនិយាយយ៉ាងស្រទន់ក្នុងន័យអង្វរករនិងលួងលោមចិត្តកូនតូចឲ្យស្ងប់ ហើយព្រមចេញមកមើលពិភពលោកនេះ។
«អ្ហា... កូនមាសម្ដាយ... ឈប់ធ្វើបាបម្តាយទៀតទៅណា... ម្តាយជិតទ្រាំលែងបានហើយ... កូនឆាប់ចេញមកណា... អូយ... កូនឆ្លាត... ម្តាយសុំអង្វរ... ម្តាយពិតជាចង់ឃើញកូនណាស់... ម្តាយស្រលាញ់កូន... អ្ហា...»

«អូយ...» និយាយមិនទាន់ផុតពីមាត់ផង នាងក្រមុំស្រែកសន្ធាប់យ៉ាងខ្លាំង ព្រោះនៅសុខៗស្រាប់តែមានកម្លាំងកន្ត្រាក់និងរុញច្រានយ៉ាងខ្លាំងពីក្នុងពោះរបស់នាង ហាក់ដូចជាថាកូនតូចបានទទួលស្ដាប់ដឹងនូវអ្វីដែលនាងនិយាយមុននេះ ទើបនាងក្រមុំញោចស្នាមញញឹមចេញមកព្រោះដឹងថាកូននឹងព្រមចេញមកពេលនេះ មុននឹងដៃទាំងគូស្រវាក្ដោបក្រណាត់ស្បៃ ហើយប្រមូលកម្លាំងប្រឹងបង្កើតកូនជាលើកចុងក្រោយបង្អស់...
«ង៉ាៗៗ...» ទីបំផុតសំឡេងស្រែកយំរបស់កូនតូចថ្លោសទ្រលុកទ្រលន់ក៏បានបន្លឺឡើងក្រោមស្នាមញញឹមដ៏ខ្សោះខ្សោយរបស់អ្នកម្តាយ ប៉ុន្តែទោះជាអស់កម្លាំងយ៉ាងណាក៏នាងមិនហ៊ានសម្រាកទេ ព្រោះចង់ឃើញមុខកូនភ្លាមៗ ទើបនាងទាញកន្ត្រៃដែលបានត្រៀមមកកាត់ផ្ដាច់ទងស៊ុក រួចយកក្រណាត់ស្បៃស្អាតយកមករុំកូននិងលើកគេបីមកដាក់នៅលើដើមទ្រូង ហើយសម្លឹងមុខកូនដោយក្ដីស្រលាញ់ពេញប្រៀប។ 
«កូនស្រីម្តាយ... កូនពិតជាស្រស់ស្អាតខ្លាំងណាស់...» នាងលើកកូនមកថើបថែមិនដកច្រមុះ ព្រមគ្នាជាមួយនឹងទឹកភ្នែកនៃភាពសប្បាយចិត្តក៏ស្រក់ហូរចុះមកមិនដាច់ នៅពេលឃើញកូនមានសុខភាពល្អមាំមួនមិនខុស ពីក្មេងដទៃ។
ក្រោយពេលបានធ្វើជាម្ដាយគេ ទើបនាងដឹងថាការបង្កើតកូនវាលំបាកយ៉ាងណា ម្តាយគ្រប់គ្នាត្រូវបូជាឈាមស្រស់ទាំងថ្លុកៗ ឯជីវិតដូចជាសរសៃ អំបោះតូចឆ្មារស្ថិតនៅលើជ្រោះមរណៈគ្រប់ពេល ប៉ុន្តែមិនថាមានគ្រោះ ថ្នាក់បែបណាក៏អ្នកម្តាយនៅតែពុះពារបង្កើតកូនគ្រប់រូបមក ព្រោះកូនគឺជាដុំពេជ្រដ៏មានតម្លៃ ជាដំណក់ឈាមនៃក្ដីស្នេហារបស់ឪពុកម្ដាយគ្មានថ្ងៃសាបសូន្យ។
«ប៉ុន្តែកូនអភ័ព្វណាស់... ហ៊ឹកហ៊ឹក... កូនត្រូវបាត់បង់ឪពុកតាំងពីចាប់កំណើតមកម៉្លេះ... ឲ្យម្តាយសុំទោស... នេះក៏ព្រោះតែម៉ែ... ហ៊ឺហ៊ឺ...»
នៅពេលគិតដល់ឪពុករបស់កូនតូច នាងក្រមុំក៏យំហ៊ូដោយភាពជូរចត់តែម្ដង នាងនឹកអាណិតកូនខ្លោចចិត្ត ដែលគេកើតមកគ្មានឪពុកហៅនឹងគេ ព្រោះឪពុករបស់គេបានចាកចេញទៅហើយ គឺចាកចេញទៅជារៀងរហូត..  ដែលទាំងនេះជាកំហុសរបស់នាងតែម្នាក់គត់!
វ៉ូ... វ៉ូ...
ភ្លាមនោះស្រាប់តែមានសន្ធឹកខ្យល់ដ៏ខ្លាំងក្លាមួយបក់ផាត់ចូលមកទាំងដែលទ្វារនិងបង្អួចទាំងអស់នៅបិទជិតឈឹងយ៉ាងគួរឲ្យចម្លែកចិត្ត ប៉ុន្តែអ្នកម្តាយវ័យក្មេងដឹងពេកណាស់ថានេះជាអ្វី?  ព្រោះខ្យល់ទាំងនេះពោរពេញដោយចំហាយវេទមន្តដ៏មហាសាល ដែលមនុស្សធម្មតាឬមេធ្មប់ថ្នាក់ទាបមិនអាចធ្វើបាន តែមានតែគាត់ម្នាក់គត់អាចធ្វើបាន នោះគឺ...
«អេវ៉ាណូរ៉ា...?!» នាងឧទានហៅឈ្មោះមនុស្សម្នាក់នោះដោយក្ដីភ្ញាក់ផ្អើល ព្រោះមិននឹកស្មានថាគាត់អាចមកដល់នេះសោះ។
«មេវ៉ា... ទីបំផុតយើងរកនាងឃើញហើយ!» សំឡេងរាបស្មើតែពេញដោយអំណាចបន្លឺឡើងគ្រលួចពេញផ្ទះចាស់ ស្របពេលដែលសន្ធឹកខ្យល់ប្រែជាស្ងប់ស្ងាត់ រួចជំនួសវិញដោយអ័ព្ទផ្សែងពណ៌សដែលបង្កខ្លួនលេច ចេញជារូបរាងមនុស្សស្រីវ័យកណ្ដាលម្នាក់ ស្ថិតក្នុងសម្លៀកបំពាក់រ៉ូបពណ៌ខ្មៅនិងគ្របជិតដោយអាវផាយវែងពណ៌ខ្មៅដូចគ្នាតាំងពីលើក្បាលដល់ចុងជើង ដោយទុកតែប្រឡង់មុខតែប៉ុណ្ណោះ ហើយនៅក្នុងដៃគេមានកាន់ឈើច្រត់ធំមួយដែលធ្វើពីលោហៈធាតុដ៏រឹងមាំមានតម្លៃនិងពោរពេញដោយឫទ្ធានុភាព ដែលគ្រប់គ្នានៅក្នុងភពវេទមន្តស្គាល់ច្បាស់ណាស់ថាគាត់គឺ អេវ៉ាណូរ៉ា មេធ្មប់ជាន់ខ្ពស់នៃអម្បូរធ្មប់ ឃ្លីរីនដា។
«អេវ៉ាណូរ៉ា! ហេតុអ្វីក៏អ្នកមកទីនេះបាន? តើអ្នកត្រូវការស្អីពីខ្ញុំទៀត?»
«នាងដឹងច្បាស់ណាស់ មេវ៉ា ថាយើងត្រូវការអ្វី! អូហ៍... កូនតូចរបស់នាងពិតជាគួរឲ្យស្រលាញ់ណាស់! មកឲ្យយើងបីបន្តិចទៅមើល!» ស្ត្រីចំណាស់ញោចស្នាមញញឹមស្រាលដាក់ មេវ៉ា រួចរេភ្នែកសម្លឹងទៅទារិកាតូចនៅក្នុង ដៃនាងដោយកែវភ្នែកមុតស្រួចបង្កប់ដោយអាថ៌កំបាំង មុននឹងហុចដៃទៅរកនាងដើម្បីទារយកក្មេង...
«ទេ... កុំមកប៉ះពាល់កូនរបស់ខ្ញុំឲ្យសោះ!» មេវ៉ា ឱបក្រសោបការពារកូនជាប់ ភ្នែកមូលក្លំក៏សម្លឹង អេវ៉ាណូរ៉ា យ៉ាងមុតក្នុងន័យព្រមានមិនឲ្យគាត់មកជិតកូនរបស់នាងជាដាច់ខាត។
«ជុៗៗ... កុំភ័យអី មេវ៉ា យើងមិនធ្វើអីកូនរបស់នាងទេ! យើងគ្រាន់តែចង់មើលគេឲ្យជិតដិតតែប៉ុណ្ណោះ! ឆាប់ហុចនាងតូចមកឲ្យយើងមក...»
«តែខ្ញុំមិនត្រូវការឲ្យអ្នកមកប៉ះពាល់កូនរបស់ខ្ញុំទេ!» នាងបដិសេធជាថ្មី មុននឹងលាដៃឡើងយ៉ាងខ្ពស់រួចសូត្រនូវគាថាអ្វីម៉្យាង ស្រាប់តែភ្លាមនោះពន្លឺពណ៌សមួយបានផុសឡើងមកព័ទ្ធវង់ពួកនាងជាប់ហាក់ដូចជាខែលការពារខ្លួន។
មែន! វាជាមន្តអាគមការពារខ្លួនពីសត្រូវ... ការពិត មេវ៉ា គឺជាមេធ្មប់ឈាមបរិសុទ្ធនៃអប្បូរធ្មប់ ឃ្លីរីនដា តែម្នាក់គត់ដែលនៅសេសសល់! បើនិយាយពីលំដាប់ថ្នាក់និងកម្រិតវេទមន្តរបស់នាង ក៏ខ្លាំងមិនចាញ់ អេវ៉ាណារ៉ា ប៉ុន្មានទេ ប៉ុន្តែដោយសារមានរឿងរ៉ាវជាច្រើនបានកើតឡើង ទើបនាងត្រូវបាត់បង់អ្វីៗគ្រប់យ៉ាង ទាំងវេទមន្ត ថែមទាំងត្រូវបណ្ដេញចេញពីពិភវេទមន្ត... សូម្បីតែ អានធឺរ បុរសដែលនាងស្រលាញ់បំផុត ក៏ត្រូវវិនាសជីវិតព្រោះតែជួយនាងឲ្យគេចចេញពីគ្រោះអាក្រក់គ្រាមុនដែរ ហើយរហូតមកទល់ពេលនេះ នាងនៅរកការពិតមិនទាន់ឃើញទេថាមកពីមូលហេតុអ្វីឲ្យប្រាកដ ប៉ុន្តែក្នុងចិត្តរបស់នាងបែរជាប្រាប់ថា អេវ៉ាណូរ៉ា ជាមនុស្ស កំណាចម្នាក់ដែលនៅក្រោយរឿងរាវទាំងអស់នេះ ទើបបានជានាងត្រូវគេចខ្លួនមកពិភពមនុស្សនិងរស់នៅទីដាច់ស្រយាលនេះតែម្នាក់ឯង ម៉្យាងព្រោះតែមូលហេតុសំខាន់មួយទៀតដែលនាងត្រូវតែគេចខ្លួន គឺបន្ទាប់ពីដឹងថាខ្លួនឯងពរពោះកូនរបស់ អានធឺរ ហើយនេះក៏ប្រហែលជាមូលហេតុមួយដែលធ្វើឲ្យ អេវ៉ាណូរ៉ា តាមនាងមកដល់ទីនេះ។
«ហេតុអ្វីក៏នាងចូលចិត្តបង្ករឿងឲ្យទៅជាធំម៉្លេះ? នាងក៏ដឹងថាសភាពរបស់នាងនៅពេលនេះ កុំថាឡើយគិតដល់រឿងកូន សូម្បីតែចង់ជួយខ្លួនឯងក៏មិនបានផង! នាងគិតថាអាគមដ៏ខ្សោះខ្សោយនេះអាចការពារនាងបានអ៊ីចឹងឬ? បើយើងចង់សម្លាប់នាងមែន វាមិនមែនជារឿងពិបាកទេ... ត្រឹមតែយើងរលាស់ដៃមួយឆ្វាច់ វិញ្ញាណរបស់នាងនឹងរលាយសាបសូន្យភ្លាម!»
ទោះជាស្ត្រីចំណាស់និយាយដោយធម្មតា ប៉ុន្តែជាសម្ដីបង្កប់ន័យចម្អកពេបជ្រាយ ធ្វើឲ្យ មេវ៉ា ឈឺចិត្តជាខ្លាំងដែលមិនអាចធ្វើអ្វីគេបានដូចមុន។
«អ៊ីចឹងរឿងរ៉ាវជាច្រើនដែលកើតចំពោះខ្ញុំនាពេលកន្លងមក សុទ្ធតែជាផែនការរបស់អ្នកទាំងអស់មែនមែនទេ? ហេតុអ្វីក៏អ្នកធ្វើបែបនេះដាក់ខ្ញុំ? តើខ្ញុំបានធ្វើខុសធ្ចីខ្លះចំពោះអ្នក?» ឲ្យតែនឹកឃើញរឿងរ៉ាវលើកមុនពេលណា ទឹកភ្នែកក៏ហូរមកមិនឈប់ ហើយបេះដូងដែលធ្លាប់ប្រេះបែកជាចម្រៀកម្ដងហើយ ក៏កាន់តែឈឺចាប់ទ្វេឡើងថែមទៀត ព្រោះនាងត្រូវបាត់បង់ អានធឺរ ក្នុងពេលដ៏ឆាប់រហ័សខ្លាំងណាស់។
«ចាំបាច់ត្រូវឲ្យយើងសើរើទោសកំហុសរបស់នាងឡើងវិញឬ?» អេវ៉ាណូរ៉ា មិនបានបដិសេធនូវពាក្យចោទប្រកាន់របស់ ម៉េវា ទេ គាត់ដើរទៅឈរនៅត្រង់បង្អួច គ្រាន់តែរលាស់ដៃបន្តិច បង្អួចទាំងអស់ក៏របើកឡើងភ្លាម ធ្វើឲ្យពន្លឺព្រះចន្ទពេញវង់ជះចូលមកក្នុងផ្ទះភ្លឺរន្ទាល រួចក៏បង្វែរខ្លួនមកសម្លឹងនាងម្ដងទៀតដោយកែវភ្នែកត្រជាក់ស្រេង។
«បើនាងមិនងប់ងល់នឹងមនុស្សប្រុសម្នាក់នោះហើយបំភ្លេចកាតព្វកិច្ចដែលមានជាប់ខ្លួនទេ រឿងរ៉ាវក៏វាមិនដល់ថ្នាក់នេះដែរ! ព្រោះនាងក៏ដឹងថាមានតែនាងម្នាក់គត់ជាឈាមជ័របរិសុទ្ធដែលអាចកម្ចាត់ពូជពង្ស ហ្គីលអាំបឺរ ដែលជាសត្រូវធំបំផុតរបស់ ឃ្លីរីនដា យើងបាន! ប៉ុន្តែនាងបានធ្វើអ្វីខ្លះ? ស្នេហាធ្វើឲ្យនាងឆ្កួតវង្វេងរហូតបំភ្លេចជីវិតអម្បូរធ្មប់រាប់ពាន់នាក់ឲ្យរស់នៅក្នុងភាពភ័យខ្លាច... ពួកគេត្រូវរត់គេចពីការតាមប្រមាញ់នៃពួក ហ្គីលអាំបឺរ រាល់ថ្ងៃ... តើនាងមាននឹកស្រណោះដល់ពួកគេខ្លះទេ! នេះហើយជាអំពើក្បត់របស់នាង!»
«វាមិនពិតទេ! នេះមិនមែនជាមូលហេតុទេពិតប្រាកដទេ អេវ៉ាណូរ៉ា! ខ្ញុំដឹងថានៅមានអាថ៌កំបាំងអ្វីម៉្យាងដែលអ្នកលាក់មិនឲ្យពួកយើងដឹង! ព្រោះ បើតាមមហិទ្ធីឫទ្ធិដែលអ្នកមាននៅក្នុងដៃពេលនេះ ត្រឹមពួក ហ្គីលអាំបឺរ អ្នកអាចកម្ចាត់បានដោយស្រួល!» មេវ៉ា សម្លឹងមុខស្ត្រីចំណាស់យ៉ាងមុតហាក់ចង់រុករកចម្លើយនៅក្រោមស្បែកមុខនឹងធឹងនោះ ព្រោះនេះជាចម្ងល់ ដែលចាក់ស្រេះក្នុងខួរក្បាលនាងជាយូរមកហើយ។
«បើយើងអាចធ្វើបាន! យើងក៏មិនរង់ចាំកម្លាំងពីនាងដែរ មេវ៉ា... ប៉ុន្តែណ្ហើយចុះ... យ៉ាងណាពេលនេះយើងក៏រកបានអ្នកដែលស្នងតំណែងនាងបានហើយ...» និយាយចប់ អេវ៉ាណូរ៉ា ក៏គ្រវាសឈើច្រត់របស់ខ្លួនឡើង បង្កើតជាពន្លឺពណ៌ខៀវដែលបាញ់ឆ្ពោះទៅកម្ទេចរបាំងវេទមន្តរបស់ មេវ៉ា ឲ្យបែកខ្ចាត់ខ្ជាយអស់ បន្ទាប់មកក៏មានកម្លាំងវេទមន្តមួយទៀតហោះមកក្រសោបយកទារិកាតូចពីដៃអ្នកម្ដាយបន្ទាប់ពី អេវ៉ាណូរ៉ា គ្រវាសដៃជាលើកទីពីរ ធ្វើឲ្យ មេវ៉ា ស្រឡាំងកាំងលាយឡំនឹងក្ដីតក់ស្លុត  រួចក៏ស្រែកយ៉ាងខ្លាំងស្ទើរតែបែកបំពង់កពេលកូនថ្លាក់ក្នុងដៃស្ត្រីចំណាស់។
«អេវ៉ាណូរ៉ា... ឆាប់ឲ្យកូនមកខ្ញុំវិញមក...» ម៉េវា បម្រុងស្ទុះមករកកូន ប៉ុន្តែត្រូវវេទមន្តរបស់ស្រីចំណាស់សង្កត់ជាប់កម្រើកទៅណាលែងកើត បានត្រឹមសម្លឹងកូនក្នុងដៃគេដោយក្ដីព្រួយបារម្ភខ្លាចថា អេវ៉ាណូរ៉ា នឹងធ្វើអ្វីលើកូនរបស់នាង។
«កុំបារម្ភអី! យើងមិនធ្វើអ្វីគេទេ!» ស្ត្រីចំណាស់លើកដៃង្អែលថ្ពាល់ប៉ោងក្រហមរបស់ក្មេងតូចថ្នមៗ ស្នាមញញឹមកលល្បិចក៏លេចលើបបូរមាត់ជ្រីវជ្រួញ គាត់វាសដៃសង្កត់លើថ្ងាសក្មេងតូច មុននឹងសូត្រអ្វីម៉្យាងចេញមក...
«តើអ្នកចង់ធ្វើអ្វីកូនរបស់ខ្ញុំ? គេនៅតូចណាស់... សូមអង្វរ... ឲ្យគេមកខ្ញុំ វិញមក...» មេវ៉ាស្រែកយំអង្វរករ អេវ៉ាណូរ៉ា ព្រោះដឹងថាគាត់កំពុងតែដាស់វិញ្ញាណធ្មប់កូនស្រីរបស់នាងឲ្យភ្ញាក់ឡើងមកទទួលយកភារកិច្ចបន្តវេនពីនាង ដែលនេះជាអ្វីដែលនាងមិនត្រូវការទាល់តែសោះ ព្រោះនាងមិនចង់ឲ្យជីវិតរបស់កូនពោរពេញដោយភាពខ្មៅងងឹត មានតែគំនុំសងសឹកនិងបង្ហូរឈាមគ្នាដាបពេញប្រថពីនោះទេ នាងចង់ឲ្យកូនមានជីវិតល្អស្រស់ដូចក្មេងទូទៅដទៃទៀតនៅភពមនុស្ស ប៉ុន្តែពេលនេះនាងមិនអាចធ្វើអ្វីបានទេក្រៅពីចាំមើល ព្រោះវេទមន្តរបស់ អេវ៉ាណូរ៉ា ដែលកំពុងឃុំគ្រងនាង គឺវាលើសពីសមត្ថភាពដែលនាងអាចរើគេចចេញពីវាបាន។
ព្រាក!! ព្រាក!! 
ភ្លាមនោះស្រាប់តែមានពន្លឺពណ៌មាសត្រចេះត្រចង់ចេញពីខ្លួនក្មេង ចំណែកនៅត្រង់កណ្ដាលថ្ងាសវិញ លេចចេញនូវនិមិត្តសញ្ញាតូចមួយមានសណ្ឋានដូចជាចំណិតព្រះចន្ទ្រ ហើយហេតុភេទចម្លែកក៏កើតឡើង ព្រោះនៅសុខៗស្រាប់តែមានកម្លាំងដ៏ខ្លាំងក្លាមួយបានរុញច្រានរាងកាយ អេវ៉ាណូរ៉ា ឲ្យខ្ទាតឆ្ងាយពីក្មេងតូចយ៉ាងឆាប់រហ័ស...
«ទេ... កូនម្តាយ!» មេវ៉ា ស្រែកភ្លាត់មាត់ ព្រោះខ្លាចកូនមានគ្រោះថ្នាក់ពេលរបូតចេញពីដៃមេធ្មប់ចំណាស់ តែក៏ត្រូវភាន់ភាំងពេលឃើញកូនមិនធ្លាក់មកដី តែបែរជាអណ្ដែតឡើងយ៉ាងខ្ពស់ទៅលើលើអាកាស ហើយសរសៃផ្កាពណ៌មាសតូចៗក៏ប្រដឹស្ឋឡើងព័ទ្ធជុំវិញ ហាក់ដូចជារបាំងការពារយ៉ាងអស្ចារ្យ។
«ជាស្អីហ្នឹង!» អេវ៉ាណូរ៉ា ក៏ភ្ញាក់ផ្អើលមិនចាញ់គ្នាប៉ុន្មានដែរ ព្រោះកម្លាំងរុញច្រានអម្បាញ់មិញនេះ ទោះជាបញ្ចេញមកយឺតៗ ប៉ុន្តែវាមានកម្លាំងខ្លាំងក្លាស្ទើរតែស្មើនឹងមេធ្មប់ថ្នាក់ខ្ពស់ដូចជា មេវ៉ា ម្តាយរបស់ក្មេងទៅហើយ... ដោយមិនអស់ចិត្ត អេវ៉ាណូរ៉ា ក៏លូកដៃទៅបំណងត្រកងបីក្មេងម្ដងទៀត តែម្ដងនេះមិនមែនជាកម្លាំងច្រានចេញទេ តែបែរជាកម្លាំងស្រូបទាញយកថាមពលពីគាត់ទៅវិញ ធ្វើឲ្យស្ត្រីចំណាស់តក់ស្លុតជាខ្លាំង ប្រញាប់ដកខ្លួនចេញយ៉ាងលឿន មុននឹងទារកមួយនេះស្រូបយកថាមពលពីគាត់អស់។
«ហេតុអ្វីក៏ក្លាយជាបែបនេះ? មេវ៉ា ឃើញទេថាកូនរបស់នាងកំពុងតែស្រូបថាមពលពីយើង... ក្មេងនេះពិតជាមិនធម្មតាទេ... ពិតជាមិនធម្មតាទេ! ឆាប់ប្រាប់យើងតាមត្រង់មកថា អានធឺរ គូស្នេហ៍របស់នាងជាអ្នកណា? គេមិនមែនជាមនុស្សធម្មតាទេមែនទេ?» អេវ៉ាណូរ៉ា សួរដោយក្ដីសង្ស័យ ព្រោះគាត់ពិតជាមិនដែលជួបទារកធ្មប់ចម្លែកបែបនេះពីមុនមកទេ  បើប្រាប់ថាឪពុកក្មេងគ្រាន់តែជាមនុស្សធម្មតាម្នាក់ វាពិតជាមិនអាចទៅរួចឡើយ។
«បើ អានធឺរ មិនមែនជាមនុស្សធម្មតា គេក៏មិនត្រូវពួកអ្នកសម្លាប់ឲ្យស្លាប់យ៉ាងវេទនាបែបនោះទេ! អ្នកសម្លាប់គូស្នេហ៍របស់ខ្ញុំ ឥលូវអ្នកចង់ធ្វើបាបកូនខ្ញុំទៀត! តើចង់ឃើញខ្ញុំវេទនាដល់ណាទៀតបានសមចិត្តរបស់អ្នក?»
មេវ៉ា ក៏ឆ្ងល់ដែរថាហេតុអ្វីក៏កូនរបស់នាងមានកម្លាំងពិសេសបែបនេះ ព្រោះជាទូទៅក្មេងធ្មប់គ្រប់គ្នាមិនខុសពីមនុស្សទេ សុទ្ធតែត្រូវឆ្លងកាត់ការហ្វឹកហាត់បន្ទាប់ពីត្រូវឪពុកម្តាយដាស់វិញ្ញាណធ្មប់ជាមុនសិន ទើបពួកគេអាចប្រើវេទមន្តបាន ហើយខ្លាំងឬខ្សោយ វាក៏មានទៅតាមកម្រិតនៃពូជពង្សវង្សត្រកូលនៅក្នុងអម្បូរធ្មប់នីមួយៗ ប៉ុន្តែចម្លែកប្លែកគេអីតែកូនរបស់ នាង បែរជាមានថាមពលមហាសាលតាំងពីកើតមកបែបហ្នឹង ទាំងដែលនាងច្បាស់ក្នុងចិត្តថា អាន់ធឺរ គ្រាន់តែជាមនុស្សធម្មតាម្នាក់តែប៉ុណ្ណោះ! នេះតើវាមានរឿងអ្វីកើតឡើងចំពោះកូនរបស់នាងឲ្យប្រាកដទៅ?
«ឬថានេះជាវាសនា? មែនហើយ វាជាវាសនាកំណត់ចារមកយ៉ាងប្រាកដ ចាប់ពីថ្ងៃនេះទៅពួកយើងអស់ព្រួយហើយ ព្រោះក្មេងម្នាក់នេះនឹងផ្លាស់ប្ដូរជោគវាសនាអម្បូរធ្មប់ ឃ្លីរីនដា របស់យើងឲ្យរុងរឿង! នាងជាក្ដីសង្ឃឹមនិងជោគវាសនាថ្មីរបស់ពួកយើងហើយ! ហិហិ...» អេវ៉ាណូរ៉ា សើចពេញចិត្តនឹងគំនិតរបស់ខ្លួន បើក្មេងនេះមានឫទ្ធិអស្ចារ្យបែបនេះ វាក៏មិនមែនជារឿងអាក្រក់ដែរ ព្រោះទៅថ្ងៃអនាគត នាងតូចច្បាស់ជាអាចសម្រេចនូវកាតព្វកិច្ចដែលនាងត្រូវស្នងពី មេវ៉ា ព្រមទាំងអាចជួយបំពេញ បំណងអាថ៌កំបាំងរបស់គាត់ទៀតផង។
«ប៉ុន្តែក្នុងនាមខ្ញុំជាម្តាយ ខ្ញុំនឹងមិនអនុញ្ញាតិឲ្យកូនខ្ញុំមានគ្រោះថ្នាក់នោះទេ ខ្ញុំចង់ឲ្យគេរស់នៅសាមញ្ញធម្មតាដូចក្មេងទូទៅដែរ! គេមិនត្រូវដឹងឮរឿងសង្គ្រាមបង្ហូរឈាមបែបនេះជាដាច់ខាត!» មេវ៉ា ប្រកែកយ៉ាងដាច់អហង្ការ ព្រោះមិនពេញចិត្តនឹងសម្ដីរបស់គាត់យ៉ាងខ្លាំង ដែលនៅសុខៗក៏និយាយត្រួសត្រាយជោគវាសនាអាក្រក់ឲ្យកូនរបស់នាង ព្រោះនាងដឹងច្បាស់ណាស់ថាប្រសិនបើកូនក្លាយជាទៅជាមេធ្មប់ពេញលេញដូចនាង អនាគតតែមួយរបស់គេគឺមានតែសេចក្ដីស្លាប់តែប៉ុណ្ណោះ!
«មេវ៉ា មិនថានាងធ្វើអ្វីទេ! ប៉ុន្តែជោគវាសនាកូនរបស់នាង គឺព្រហ្មលិខិតបានចាររួចទៅហើយ នាងមិនអាចកែប្រែវាបានឡើយ! ពេលនេះយើងអស់កិច្ចការហើយ!» អេវ៉ាណូរ៉ា និយាយដោយទឹកមុខស្ងប់តាមទម្លាប់ដែលមិនចេះបង្ហាញអារម្មណ៍ឲ្យអ្នកដទៃបានឃើញផ្ដេសផ្ដាស ព្រោះនៅក្នុងកែវភ្នែកអ្នកគ្រប់គ្នា គាត់គឺជាមេធ្មប់ថ្នាក់ខ្ពស់ដ៏ថ្លៃថ្នូរមានគុណធម៌ ជាចាស់ទុំដែលតែងតែផ្ដល់នូវក្ដីមេត្តាករុណានិងជួយដល់បងប្អូនអម្បូរធ្មប់ ឃ្លីរីនដា ទាំងដែលគាត់ត្រឹមតែជាមេធ្មប់ឈាមជ័រក្លាយម្នាក់ តែគាត់នៅតែហ៊ានលះបង់គ្រប់សព្វដើម្បីពួកគេ ទើបកូនចៅធ្មប់ទាំងអស់គោរពកោតខ្លាចនិងស្ដាប់បញ្ជាគាត់ណាស់! ប៉ុន្តែ មេវ៉ា ដឹងច្បាស់ថាក្រោមផ្ទៃមុខនេះមានបង្កប់ដោយភាពសាហាវឃោរឃៅអាថ៌កំបាំងដែលអ្នកគ្រប់គ្នាមិនដឹង ហើយអាចនឹងគ្មានថ្ងៃបានដឹងជារៀងរហូត។
«សង្ឃឹមថាម្ភៃឆ្នាំក្រោយ... យើងនឹងបានជួបគ្នាម្ដងទៀត!» អេវ៉ាណូរ៉ា ងាកទៅសម្លឹងក្មេងតូចដែលអណ្ដែតលើអាកាសម្ដងទៀត មុននឹងបំបាំងខ្លួនចាកចេញទៅវិញ ដោយបន្សល់ទុកសម្ដីមួយឃ្លាដែលធ្វើឲ្យចិត្ត មេវ៉ា ព្រួយបារម្ភជាខ្លាំង ព្រោះមិនដឹងថានៅថ្ងៃអនាគត គាត់គិតចង់ធ្វើអ្វីលើកូនស្រីរបស់នាងទៀតទេ។
«កូនម្តាយ...» មេវ៉ា ស្ទុះងើបទៅត្រកងបីកូនស្រីភ្លាមបន្ទាប់ពីអាគមរបស់ អេវ៉ាណូរ៉ា សាបរលាប ស្របពេលវេទមន្ដដែលរុំស្រោបលើខ្លួនកូនរបស់នាងក៏រសាយទៅវិញដូចគ្នា។ ពេលបានត្រឡប់មកក្នុងដៃម្តាយវិញ គេក៏ប្រែខ្លួនត្រដុសនឹងដើមទ្រូងមូលក្បំរបស់ម្តាយដូចកំពុងស្វែងរកភាពកក់ក្ដៅ ធ្វើឲ្យ មេវ៉ា ញោចស្នាមញញឹមស្រទន់ចេញមកដោយការអាណិតអាសូរ ព្រោះកូនស្រីរបស់នាងពិតជាគួរឲ្យស្រលាញ់ខ្លាំងណាស់ ដោយអត់ទ្រាំមិនបានក៏ឱនថើបថ្ងាសកូនដោយក្ដីក្នក់ក្នាញ់ពេញបេះដូង  តែនាងក៏ភ្ញាក់បន្តិចនៅពេលឃើញពន្លឺសញ្ញាព្រះចន្ទ្រនៅថ្ងាសកូន នៅសុខៗអារម្មណ៍សោកសៅក៏បុកសម្រុកចូលបេះដូង ធ្វើឲ្យមុខរបស់នាងប្រែជាស្រពាប់ស្រពោនភ្លាមពេលគិតដល់ជោគវាសនាអនាគតរបស់កូន... តើនាងពិតជាអាចទ្រាំមើលជីវិតរបស់កូនឈានទៅរកក្ដីវិនាសកើតទេ?
«អត់ទេ... ម្តាយនឹងមិនឲ្យកូនមានរឿងអ្វីជាដាច់ខាត! ពេលនេះម្តាយត្រូវតែធ្វើអ្វីម៉្យាងហើយទើបបាន!»
មេវ៉ា ដាក់កូនតូចផ្ដេកលើគ្រែ រួចក្រោកទៅយកហិបចាស់មួយដែលរក្សាទុកក្នុងទូឈើមកបើកមើលរករបស់ដែលនាងត្រូវការ ដោយសារតែនាង ជាមេធ្មប់ ទើបសុខភាពរបស់នាងវិលមកធម្មតាវិញយ៉ាងឆាប់រហ័ស។ របស់ដែលមាននៅក្នុងហិបទាំងប៉ុន្មានត្រូវបានយកចេញមកក្រៅទាំងអស់ ដែលមានដូចជាក្រណាត់យ័ន្ដធំមួយផ្ទាំង កូនកាំបិតថ្លើមថ្មមួយ ជាមួយនឹងសៀវភៅវេទមន្តធំក្រាស់មួយក្បាលទៀត ហើយនៅមានរបស់របរជាច្រើនទៀត...
មេវ៉ា ប្រញាប់រៀបចំរបស់ទាំងនោះតាមបំណងរបស់នាង ដោយនាងបានក្រាលក្រណាត់យ័ន្ដមួយផ្ទាំងនោះកណ្ដាលបន្ទប់បែរមុខទៅរកព្រះចន្ទ្រនិងមានដោតទៀនជុំវិញជាច្រើនដើម រីឯកូនកាំបិតស្នៀត ផ្ដិលមាសនិងសៀវភៅធំមួយក្បាលនោះត្រូវដាក់កម្កល់លើជើងពាន ដែលបញ្ជាក់បានថានាងកំពុងតែរៀបចំធ្វើពិធីអ្វីម៉្យាង។ ពេលអ្វីៗរៀបចំសព្វគ្រប់អស់ហើយ នាងក៏លើកកូនមកដាក់នៅចំកណ្ដាលយ័ន្ត រួចខ្លួនឯងក៏អង្គុយភ្នែននៅចុងជើងកូនស្រីនៅក្នុងនោះដូចគ្នា ត្រឹមតែក្ដក់ដៃបន្តិច ទៀនទាំងអស់ក៏ឆេះឡើង ទោះជានាងបាត់បង់វេទមន្តដ៏ខ្លាំងរបស់នាងពិតមែន ប៉ុន្តែមិនមែនអស់ទាំងស្រុងនោះទេ គឺនាងនៅអាចប្រើវេទមន្តដូចជាមេធ្មប់ថ្នាក់ទាបម្នាក់ដែរ ហើយពិធីដែលនាងបម្រុងធ្វើនៅពេលនេះ គឺជាពិធីសង្កត់វិញ្ញាណមេធ្មប់ឲ្យកូនស្រី។
មេវ៉ា ចាប់ផ្ដើមសូត្រគាថាដែលបើកបង្ហាញដោយសៀវភៅវេទមន្ត បន្តិចក្រោយមកក្រណាត់យ័ន្តក៏ចាប់ផ្ដើមបញ្ចេញពន្លឺដោយមានសុទ្ធតែអក្សរគាថាបុរាណហោះព័ទ្ធជុំវិញពួកនាង ផ្ដិលទឹកដែលទទេស្អាតក៏ចាប់ផ្ដើមមានទឹកដក់រហូតពេញប្រៀប នាងក៏គ្រវាសដៃនាំយកកូនកាំបិតថ្លើមថ្មទៅត្រាំក្នុងទឹកនោះ រួចសូត្រគាថាដាស់ព្រលឹងកាំបិតជាមុនសិន មុននឹងវាហោះមកដល់ក្នុងដៃរបស់នាង។
«កូនសម្លាញ់... ម្តាយហ៊ានធ្វើអ្វីគ្រប់យ៉ាងដើម្បីកូន! សង្ឃឹមថាកូននឹងមានជីវិតស្ងប់សុខជារៀងរហូត!» សំឡេងរបស់ មេវ៉ា ស្ដាប់ទៅក្រៀមក្រំជាខ្លាំង នាងលូកដៃអង្អែលថ្ពាល់កូនដែលកំពុងតែបើកភ្នែកក្រឡាប់ក្រឡើតសម្លឹងមើលពន្លឺវេទមន្តយ៉ាងចាប់អារម្មណ៍ ដោយគេមិនបានដឹងថានឹងមានរឿងអ្វីកើតឡើងខ្លះនាពេលបន្តិចទៀតនេះទេ... មេវ៉ា ក្ដោបកូនកាំបិតជាប់ សម្លឹងមើលចុងស្រួចនៃកាំបិតមិនព្រិច មុននឹងរុញវាសន្សឹមៗសំដៅដើមទ្រូងខាងឆ្វេងរបស់ខ្លួនត្រង់ទីតាំងបេះដូង...
«ឆឹប...» កាំបិតបានចាក់ចូលទៅក្នុងបេះដូងរបស់ មេវ៉ា សន្សឹមៗរហូតលិចដល់គល់ ធ្វើឲ្យឈាមក្រហមស្រស់របស់នាងចាប់ផ្ដើមហូរចេញមករឹមៗ ប្រសិនបើជាមនុស្សធម្មតាប្រហែលជាត្រូវឈឺចាប់វេទនាស្លាប់បាត់ទៅហើយ ប៉ុន្តែនាងក្រមុំបែរជាគ្មានទឹកមុខឈឺចាប់ឬក៏អារម្មណ៍ភ័យខ្លាចបង្ហាញលើផ្ទៃមុខស្រទន់សូម្បីបន្តិច នាងបែរជាមានទឹកមុខប្រាកដប្រជា ហើបមាត់និយាយពីអ្វីម៉្យាងទៅវិញ...
«ខ្ញុំសូមបូជាបេះដូងនិងឈាមស្រស់ជូនដល់វិញ្ញាណកាំបិតទេព! សូមអ្នកនាំយកចិត្តនិងដួងវិញ្ញាញរបស់ខ្ញុំទៅឃុំគ្រងលើវិញ្ញាណកូនស្រីរបស់ខ្ញុំ ឲ្យគេដេកលង់លក់ជារៀងរហូត មិនត្រូវស្គាល់នូវរឿងឈឺចាប់អ្វីទាំងអស់... ដោយដោះដូរនឹងជីវិតនិងរាងកាយរបស់ខ្ញុំ...»
និយាយចប់ក៏ហូតកាំបិតចេញមកវិញ រួចយកវាមកភ្ជង់ពីលើថ្ងាសកូនស្រី ឈាមក្រហមស្រស់ស្រក់ចុះមកចំនិមិត្តសញ្ញាព្រះចន្ទ្រ ត្រឹមតែមួយភ្លែតវាស្រូបទៅយ៉ាងលឿន... មេវ៉ា ចាប់ផ្ដើមសូត្រគាថាបន្តទៀត ស្របពេលដែលដៃទាំងគូសង្កត់កូនកាំបិតទៅលើថ្ងាសកូនបន្តិចម្ដងៗ ប៉ុន្តែកាំបិតមិនបានធ្វើឲ្យក្មេងរបួសទេ ផ្ទុយទៅវិញ និមិត្តសញ្ញាព្រះចន្ទ្របែរជាបញ្ចេញពន្លឺចិញ្ចែងចិញ្ចាចហើយក៏ស្រូបយកកាំបិតទេពចូលទៅទាល់តែអស់ ជាមួយនឹងសម្រែកចុងក្រោយរបស់ មេវ៉ា... «សូមឲ្យវិញ្ញាណមេធ្មប់របស់នាងដេកលង់លក់ជារៀងរហូត! ជារៀងរហូត...»
ភឹប!! 
អ្វីគ្រប់យ៉ាងក៏ត្រឡប់មកធម្មតាវិញ ស្របពេលដែលកាំបិតនិងនិមិត្តសញ្ញាព្រះចន្ទ្របាត់ទៅព្រមគ្នាយ៉ាងអស្ចារ្យក្នុងខ្លួនក្មេងតូច។
«ង៉ាៗ..» ទារិកាតូចស្រែកយំភ្លាមនាពេលបន្ទាប់ ទើប មេវ៉ា ប្រញាប់ត្រកងកូនឡើងមកផ្ទប់ឱរ៉ា រួចថើបបបោសអង្អែលលួងលោមកូនតូចឲ្យបាត់យំ តែមិនថានាងខំលួងលោមយ៉ាងណាក៏ក្មេងនៅតែយំខ្លាំងជាងមុនទៅទៀត ហាក់ដូចជាដឹងថាកំពុងមានរឿងអ្វីមួយកើតឡើងចំពោះអ្នកម្ដាយរបស់ខ្លួន។
«កុំយំអីណាកូនណា... អាណិតម្តាយផង.. អ្ហេ... អ្ហា...» មេវ៉ា លើកដៃខ្ទប់ដើមទ្រូងខ្លួនឯងភ្លាម ព្រោះពេលនេះអារម្មណ៍ឈឺចាប់អ្វីម៉្យាងកំពុងរត់ត្របាញ់ពេញខ្លួនរបស់នាង ពិសេសត្រង់បេះដូងរបស់នាងនេះឯង គឺឈឺដូចជាត្រូវគេចាប់ហែករាងកាយជាចម្រៀក ហើយកម្ដៅក្នុងខ្លួនក៏កើនឡើងខ្លាំងដូចភ្នំភ្លើងរៀបផ្ទុះ ធ្វើឲ្យក្រហល់ក្រហាយពេញខ្លួន ហើយនាងដឹងខ្លួនច្បាស់ណាស់ថាអាការៈទាំងនេះមកពីអ្វី...
«តើ... វាជិតដល់ពេលហើយមែនទេ? កុំអី... ខ្ញុំមិនទាន់ចង់បែកពីកូនទេ... សូមអង្វរកុំយកខ្ញុំទៅអី... ហ៊ឹកហ៊ឹក...» មេវ៉ា ស្រែកទ្រហោយំភ្លាមដោយហាមលែងបាន ហើយតំណក់ទឹកភ្នែករាប់រយតំណក់ក៏ប្រជែងគ្នាស្រក់ចុះលើផែនថ្ពាល់ទាំងគូមិនឈប់ឈរ មិនខុសពីភ្លៀងបាក់មេឃ ព្រោះពេលនេះរូបកាយរបស់នាងកំពុងតែជិតរលាយសាបសូន្យបាត់ពីលើលោកនេះហើយ នាងកំពុងតែជិតស្លាប់... នាងកំពុងតែជិតបែកគ្នាពីកូនសម្លាញ់ដែលទើបតែបានឃើញមុខមិនប៉ុន្មានម៉ោងនេះហើយ... ប៉ុន្តែទោះជាត្រូវឈឺចាប់វេទនាយ៉ាងណា ក៏នាងនៅតែប្រឹងឱបក្រសោបកូនជាប់ដើមទ្រូងនិងថើបថែថ្នាក់ថ្នមលុះដល់ដង្ហើមចុះក្រោយដដែល នេះហើយជាទឹកចិត្តម្ដាយដែលហ៊ានលះបង់គ្រប់យ៉ាងដើម្បីកូនសូម្បីតែជីវិតរបស់ខ្លួន។
«កូនស្រីមាសម្តាយ... ហ៊ឹកហ៊ឹក... មិនថាមានរឿងអ្វីកើតឡើង... ហ៊ឺហ៊ឺ... កូនត្រូវចាំថាម្តាយស្រលាញ់កូនណាស់... អ្ហា... ហើយមិនថាកូនទៅដល់ទីណា... ហ៊ឹកហ៊ឹក... វិញ្ញាណម្តាយនឹងនៅក្បែរកូនជារៀងរហូត... ត្រូវចាំ... ម្ដាយមិនបានបង់បង់កូនចោលទេ... ហ៊ឹកៗ... ម្តាយលាហើយ... អ្ហា...»
ចប់សម្រែកឈឺចាប់នោះ  រាងកាយរបស់ មេវា ក៏ចាប់ផ្ដើមរលាយម្ដងបន្តិចៗក្លាយជាពន្លឺពណ៌មាសតូចៗរសាត់អណ្ដែតក្នុងអាកាសជាមួយនឹកទឹកភ្នែកអាឡោះអាល័យដែលត្រូវនិរាសព្រាត់ប្រាសពីកូនស្រីសំណព្វ នាងញញឹមចុងក្រោយមើលកូនស្រីកំពូលដួងចិត្តដែលកំពុងតែយំននៀលស្រវារកម្ដាយ មុននឹងពន្លឺជីវិតចុងក្រោយត្រូវផុតរលត់ទៅ ចំណែកទារិកាធ្មប់តូចក៏បាត់ខ្លួនទៅនៅគ្រានោះដូចគ្នាដោយកម្លាំងចុងក្រោយរបស់ មេវ៉ា... 
ស្របពេលគ្នានឹងការចាប់កំណើតរបស់ទារកតូចជាឈាមជ័របរិសុទ្ធនៃអម្បូរធ្មប់ ឃ្លីរីនដា... នៅពិភពមួយផ្សេងទៀត... ពិភពដែលមានតែភាពងងឹតសូន្យសុង... នៅក្នុងប្រាសាទដ៏ធំជង្គ្រឹងកណ្តាលទីរហោរស្ថានគួរឲ្យខ្លាចរអា ពោរពេញដោយអ័ព្ទផ្សែង...
«ទីបំផុត... ការរង់ចាំដ៏យូរអង្វែងរបស់យើងក៏បានបញ្ចប់... យើងត្រូវតែខ្វេះយកបេះដូងនាងមកឲ្យបាន...  សង្ឃឹមថាលើកនេះនឹងមិនភ្លាត់ដូចលើកមុនៗទៀតឡើយ!» សំឡេងដ៏កំណាចពោរពេញដោយអំណាចមហាសាល បានបន្លឺចេញពីស្រមោលខ្មៅធំមួយដែលកំពុងឈរនៅលើកំពូលប្រាសាទ... គេមិនអាចមើលដឹងថាជានរណាឲ្យប្រាកដឡើយ ព្រោះពេលនេះវាងងឹតខ្លាំងណាស់ ប៉ុន្តែគេអាចមើលឃើញត្រឹមតែក្រសែភ្នែកដ៏មុតស្រួចបង្កប់ដោយភាពកំណាចនិងស្រោបដោយចំហាយពិឃាដចេញពីខ្លួនគេតែប៉ុណ្ណោះ។
តើគេជានរណា? តើការទទ្ទឹងរង់ចាំរបស់គេជាអ្វីឲ្យប្រាកដ? ស្នេហា? គំនុំ? ឬការសងសឹក?


5 comments:

  1. មានធ្មប់ទៀត 😯😯😯😯

    ReplyDelete
    Replies
    1. ចាស! បិសាចក៏មានដែរ 😂😂

      Delete
  2. Replies
    1. បងភ្លេចមើល ហើយឡើងមកកូរចឹងម៉ង 😒😂

      Delete