ផ្តើមរឿង
«អូយ... ជួយផង... អ្នកណាក៏បានដែរ... ជួយខ្ញុំផង... ខ្ញុំឈឺ... អូយ... ឈឺណាស់... ឈឺខ្លាំងណាស់... អ្ហា...»
សំឡេងពោរពេញដោយការឈឺចាប់លាន់ឮល្វើយៗចេញពីផ្ទះចាស់ទ្រុឌទ្រោមមួយនៅទីដាច់ស្រយាលពីគេឯង ដោយសារផ្ទះតូចនោះត្រូវបានហ៊ុំព័ទ្ធទៅដោយព្រៃក្រាស់ដុះស៊ុបទ្រុបពីខាងក្រៅ ទើបគេមិនអាចមើលដឹងថាមានផ្ទះមនុស្សរស់នៅក្នុងនោះឡើយ។
ពន្លឺចង្កៀងប្រេងកាតចោលរស្មីព្រាលៗ តែក៏ល្មមគ្រប់គ្រាន់ឲ្យគេអាចឃើញសភាពក្នុងផ្ទះចាស់នេះបានច្បាស់ដែរ គឺផ្ទះតូចនេះមានត្រឹមតែរបស់ប្រើប្រាស់ចាស់ៗខ្លះមានដូចជា តុកៅអីពីរបី ទូឈើធំមួយផ្ទុកពេញដោយ សៀវភៅចាស់ៗជាច្រើនក្បាល ជាមួយនឹងគ្រែឈើកញ្ចាស់មួយនៅក្បែរបង្អួចតែប៉ុណ្ណោះ ដែលពេលនេះនៅលើគ្រែមានរាងតូចស្ដើងរបស់ស្ត្រីមានគភ៌ម្នាក់កំពុងតែដេកបញ្ឈរជង្គង់ននះននៀលទៅមក ដោយដៃម្ខាងតោងក្រណាត់ស្បៃដែលចងទម្លាក់សំយ៉ុងពីធ្នឹមផ្ទះមក ឯដៃម្ខាងទៀតក៏ក្ដោបពោះដែលឈឺស៊កសៀតរបស់ខ្លួនយ៉ាងណែន នេះនាងខំប្រឹងបង្កើតកូនតែម្នាក់ឯងឡើងញ័រខ្លួនទទ្រើត ដោយគ្មានឆ្មបជួយបង្កើតទេ សូម្បីតែប្ដីឬសាច់ញាតិបងប្អូនក៏គ្មានដែរ។ សក់ខ្មៅរលើបរលោងវែងរំសាយត្រូវសើមជោកដោយញើស សូម្បីតែនៅលើផ្ទៃមុខស្រទន់ក៏មានផុសញើសគ្រាប់ធំហូរមកមិនស្រាកស្រាន្ដដូចទឹកបាក់ទំនប់ ហើយពេលដែលនាងប្រឹងម្ដងៗ ឡើងញ័រក្បាលអស់ សូម្បីសរសៃឈាមត្រង់សៀតផ្កាក៏ប៉ោងឡើងគួរឲ្យខ្លាច ទឹកមុខក៏បង្ហាញតែភាពឈឺចាប់មកឥតឈប់ឈរ ព្រោះបើគិតរហូតមកដល់ពេលនេះ នាងឈឺពោះអស់រាប់ម៉ោងមកហើយ ប៉ុន្តែកូនរបស់នាងមិនព្រមកើតមកសោះ ធ្វើឲ្យនាងស្ទើរតែអស់កម្លាំងរលីងពីខ្លួនទៅហើយ។
«អ្ហា... ហ្វូ...» នាងក្រមុំឈប់សម្រាកមួយភ្លែតទាំងដង្ហក់ខ្យល់ ដៃទន់រលូនលើកអង្អែលពោះធំដែលមានកូនតូចលាក់ខ្លួនក្នុងនោះ ព្រមទាំងនិយាយយ៉ាងស្រទន់ក្នុងន័យអង្វរករនិងលួងលោមចិត្តកូនតូចឲ្យស្ងប់ ហើយព្រមចេញមកមើលពិភពលោកនេះ។
«អ្ហា... កូនមាសម្ដាយ... ឈប់ធ្វើបាបម្តាយទៀតទៅណា... ម្តាយជិតទ្រាំលែងបានហើយ... កូនឆាប់ចេញមកណា... អូយ... កូនឆ្លាត... ម្តាយសុំអង្វរ... ម្តាយពិតជាចង់ឃើញកូនណាស់... ម្តាយស្រលាញ់កូន... អ្ហា...»
